មន្ត្រីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម ជំរុញសិប្បកម្ម សហគ្រាសការកែច្នៃស្វាយចន្ទី ឲ្យកាន់តែមានប្រសិទ្ធភាព និងនវានុវត្តន៍

(កំពង់ធំ)៖ លោក សុន សេងហួត រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានជំរុញសិប្បកម្ម សហគ្រាសការកែច្នៃស្វាយចន្ទី ឲ្យកាន់តែមានប្រសិទ្ធ ភាព និងនវានុវត្តន៍។

លោក សុន សេងហួត ថ្លែងក្នុងកិច្ចពិភាក្សាស្តីពី-បញ្ហាប្រឈមសម្រាប់ការផលិតកែច្នៃគ្រាប់ស្វាយចន្ទី នៅខេត្តកំពង់ធំ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នៅមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេក វិទ្យា និងនវានុវត្តន៍ខេត្តកំពង់ធំ។

លោកបន្តថា ដើម្បីឲ្យការផលិតកែច្នៃគ្រាប់ស្វាយចន្ទីកាន់តែប្រសើរឡើងស្របតាមអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ា ណែត និងអនុសាសន៍របស់រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការជំរុញការផលិតកែច្នៃ ការនាំចេញប្រកបដោយគុណភាព សុវត្ថិភាព ស្របតាមស្តង់ដារ។

លោកបានបន្តថា ចំពោះបញ្ហាប្រឈមដែលលើកឡើងនៅក្នុងកិច្ចប្រជុំរបស់សហគ្រាសមួយចំនួន លោកនឹងទទួលយកដើម្បីធ្វើរបាយការណ៍ជូនទៅថ្នាក់លើ ក្នុងការជួយឲ្យសហគ្រាសទទួលបានដំណើរការនិងលទ្ធផលល្អប្រសើរ។

គួរបញ្ជាក់ថា ខេត្តកំពង់ធំ មានផ្ទៃដីដាំដុះដំណាំកសិឧស្សាហកម្មដូចជាដំណាំចន្ទីដាំដុះបាន១៤៥,៣០០ហិកតា ប្រមូលផលសរុបបាន៨០,០០០ហិកតា និងទទួលបានទិន្នផលជាមធ្យម១.៥តោន/ហិកតា ក្នុង១ឆ្នាំ ហើយខេត្តមានសហគ្រាសសិប្បកម្មកែច្នៃស្វាយចន្ទីចំនួន៧កន្លែង និងម៉ាស៊ីនសម្ងួត២៣កន្លែងផងដែរ៕


ដើមឆ្នាំ២០២៥ មន្ទីរពេទ្យ ហ្លួង ម៉ែ នឹងបើកដំណើរការ​ជាមន្ទីរពេទ្យ​ឯកទេសព្យាបាលជំងឺមហារីក មានកម្រិតស្ដង់ដារអន្តរជាតិ

មន្ទីរពេទ្យហ្លួងម៉ែ ដែស្ថិតនៅផ្លូវលេខ១០៩ ភូមិព្រៃសខាងកើត សង្កាត់​ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានប្រែក្លាយជា​មន្ទីរពេទ្យ​ឯកទេស​ជំងឺមហារីក ។ មន្ទីរពេទ្យនេះបានរៀបចំជួសជុលកែលម្អហេដ្ឋារចនា​សម្ព័ន្ធ​រួចរាល់ក្នុងដំណាក់កាលទី១ និងបានដាក់ឱ្យ​ដំណើរការកាល​ពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ និងគ្រោងបើកដំណើរការពេញលេញ​ជា​មន្ទីរពេទ្យ​ឯកទេសព្យាបាលជំងឺមហារីក មានកម្រិតស្ដង់ដារ​អន្តរជាតិនៅដើមឆ្នាំ២០២៥ ខាងមុខ។

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល កាលពី​ថ្ងៃទី២០ ខែកញ្ញា បាន​អញ្ជើញចុះពិនិត្យការបើកដំណើរ​ការ​ដំណាក់​កាលដំបូងរបស់មន្ទីរពេទ្យ ហ្លួង ម៉ែ។

សូមជម្រាបថា ការបើកដំណើរការដំណាក់កាលដំបូងនេះ មន្ទីរ​ពេទ្យមានផ្តល់សេវាផ្នែកសង្រ្គោះបន្ទាន់ ផ្នែកពិគ្រោះជំងឺក្រៅ ផ្នែករូបភាពវេជ្ជសាស្រ្ត និងផ្នែកមន្ទីរពិសោធន៍ ដែលអាចមានលទ្ធ​ភាព​ផ្តល់សេវាពិនិត្យ និងស្វែងរកជំងឺមហារីកដំណាក់កាលដំបូង ការចាក់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូន ពិនិត្យ និងពិគ្រោះជំងឺម​ហារីកទាក់ទងនឹង រោគស្រ្តី (ជំងឺមាត់ស្បូន សុដន់ ក្រពេញអូវែរ និងស្បូន) ប្រព័ន្ធរំលាយអាហារខាងលើ ក្រពះពោះវៀន ថ្លើម បំពង់បង្ហូរទឹកប្រមាត់ និងលំពែង ប្រព័ន្ធដង្ហើម និងប្រព័ន្ធទឹកម៉ូត្រ។

ក្នុងឱកាសនៃការចុះពិនិត្យនេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានអញ្ជើញចុះពិនិត្យតាមផ្នែកនីមួយៗ រួមមានផ្នែកសង្រ្គោះបន្ទាន់ ផ្នែកពិគ្រោះជំងឺក្រៅ ផ្នែករូបភាពវេជ្ជសាស្រ្ត និងផ្នែកមន្ទីរពិសោធន៍ ព្រមទាំងបានសួរសុខទុក្ខ សំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិក ដែលបម្រើការងារនៅមន្ទីពេទ្យ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី និងពិនិត្យការដ្ឋានសាងសង់​បន្ទប់បាញ់កាំរស្មី ព្រមទាំងបានផ្តល់នូវអនុសាសន៍មួយចំនួន ដើម្បីបង្កើនគុណភាព សុវត្ថិភាព ប្រសិទ្ធភាពនៃការផ្តល់សេវា ក៏ដូចជាពន្លឿនការបើកដំណើរការមន្ទីរពេទ្យនេះផងដែរ៕


ក្រុមហ៊ុនយក្សរបស់ជប៉ុន សាងសង់រោងចក្រថ្មីមួយទៀត​នៅខេត្តពោធិ៍​សាត់

ក្រុមហ៊ុនមីនេបៀ (ខេមបូឌា)បានប្រារព្ធពិធីបញ្ចុះបឋមសិលាបើក​ការដ្ឋានសាងសង់រោងចក្រទី២ របស់ក្រុមហ៊ុនមីនេបៀ (ខេមបូឌា)​សាខាខេត្តពោធិ៍សាត់កាលព្រឹកថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុ​ប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រី​ក្រសួងរ៉ែ និងថាមពល, លោកអគ្គនាយក​ក្រុមហ៊ុន​មីនេបៀ, ឯកឧត្តមអភិបាលខេត្តពោធិ៍សាត់, តំណាងស្ថានទូតជប៉ុនប្រចាំកម្ពុជា ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ថ្នាក់ដឹកនាំ បុគ្គលិក កម្មករនិយោជិតរបស់ក្រុមហ៊ុន និងបងប្អូនប្រជាពលរដ្ឋក្នុងតំបន់​ជាច្រើនរូប។

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យប្រុសស្រី១៤នាក់ បញ្ជូនទៅតុលាការពាក់ព័ន្ធករណីគ្រឿងញៀន!

 

ចាប់ពីថ្ងៃទី០១ ដល់ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនសង្ស័យប្រុសស្រី សរុបចំនួន១៤នាក់ ទៅតុលាការជាបន្តបន្ទាប់ ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ក្រោយពីបង្ក្រាបបានចំនួន ០៦ករណីផ្សេងគ្នា។

ប្រតិបត្តិការបង្រ្កាបគ្រឿងញៀនទាំង ០៦ករណីរួមមាន៖

*ករណីទី១៖ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ង៉ែត សុភ័ក្រ្ត ភេទ ប្រុស អាយុ ៤២ឆ្នាំ ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុច ផ្លូវលំ ភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌ​ពោធិ៏សែនជ័យ។ ចាប់យកវត្ថុតាងគ្រឿងញៀន ក្រាមសថ្លាសរុបចំនួន១៩កញ្ចប់, ឧបករណ៍សម្រាប់សេពគ្រឿងញៀនចំនួន០១ រួមនឹងសម្ភារមួយចំនួនទៀត។

*ករណីទី២៖ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជាក់ស្តែងជនសង្ស័យចំនួន០២នាក់ ជាបន្តបន្ទាប់ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុច បន្ទប់ជួលគ្មានលេខ ភូមិថ្មគោល១ និងចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិថ្មគោល៣ ក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនទាំង០២នាក់ រួមមាន៖ ១/ឈ្មោះ ជា ដារ៉ា ភេទប្រុស អាយុ ៤២ឆ្នាំ, ២/ឈ្មោះ ចាន់ សុភាព  ភេទ ប្រុស អាយុ ៤៦ឆ្នាំ។ ចាប់យកវត្ថុតាងគ្រឿងញៀន ក្រាមសថ្លាសរុបចំនួន០៦កញ្ចប់, ឧបករណ៍សម្រាប់សេពគ្រឿងញៀនចំនួន០១ រួមនឹងសម្ភារមួយចំនួនទៀត។

*ករណីទី៣៖ កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជាក់ស្តែងជនសង្ស័យប្រុសស្រីចំនួន០៤នាក់ ជាបន្តបន្ទាប់ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុច បន្ទប់ជួលគ្មានលេខ ភូមិថ្មគោល១ និងចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិថ្មគោល៣ ក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនទាំង០៤នាក់ រួមមាន៖ ១/ឈ្មោះ ជឹម ស្រីលាភ ភេទស្រី  អាយុ ២៥ឆ្នាំ, ២/ឈ្មោះ គង់ រចនា   ភេទ ប្រុស អាយុ ២៨ឆ្នាំ, ៣/ឈ្មោះ ពេជ្រ សុវណ្ណរ៉ា ភេទ ប្រុស អាយុ ២៨ឆ្នាំ, ៤/ឈ្មោះ ជ័យ គុណថា ភេទប្រុស អាយុ ៣៦ឆ្នាំ។ ចាប់យកវត្ថុតាងគ្រឿងញៀន ក្រាមសថ្លាសរុបចំនួន១២កញ្ចប់ រួមនឹងសម្ភារមួយចំនួនទៀត។

*ករណីទី៤៖ កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឌិន ចាន់លាង ភេទប្រុស អាយុ៣៣ឆ្នាំ ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុចផ្លូវ២៣០ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។ ចាប់យកវត្ថុតាងគ្រឿងញៀន ក្រាមសថ្លាសរុបចំនួន១៣កញ្ចប់ រួមនឹងសម្ភារមួយចំនួនទៀត។

*ករណីទី៥៖ កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជាក់ស្តែងជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុចបន្ទប់ជួលលេខ៥ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។ ជនទាំង០២នាក់ រួមមាន៖ ១.ឈ្មោះ សុខ វុធថា ភេទប្រុស អាយុ ២៩ឆ្នាំ, ២.ឈ្មោះ គឹម ពៅសុវណ្ណ ភេទប្រុស អាយុ ៤០ឆ្នាំ។ ចាប់យកវត្ថុតាង ឧបករណ៍សម្រាប់សេពគ្រឿងញៀនចំនួន០១ រួមនឹងសម្ភារមួយចំនួនទៀត។

*ករណីទី៦៖ កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជាក់ស្តែងជនសង្ស័យចំនួន០៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុចដីឡូត៍ទុកចោល ផ្លូវ៥៩២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។ ជនទាំង០៤នាក់ រួមមាន៖ ១-ឈ្មោះ រ៉ាត់  អាយុ៤២ឆ្នាំ, ២-ឈ្មោះ ឈិន ព្រឹក ភេទប្រុស អាយុ៣៧ឆ្នាំ, ៣-ឈ្មោះ នុត គីមហុង ភេទប្រុស អាយុ៣១ឆ្នាំ, ៤-ក្រិត ចាន់ដែន ភេទប្រុស អាយុ៣៤ឆ្នាំ។ ចាប់យកវត្ថុតាង ឧបករណ៍សម្រាប់សេពគ្រឿងញៀនចំនួន០២៕







ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បែងចែកត្រីខកំប៉ុង ដែលទទួលបានពីសប្បុរសជន ដល់អង្គភាពចំណុះ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងក្រុមការងារសង្កាត់ព្រែកកំពឹស!

នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាត់ឲ្យក្រុមការងារធ្វើការបែងចែកត្រីខកំប៉ុង ដែលទទួលបានការឧបត្ថម្ភពីសប្បុរសជន ជូនដល់តំណាងតាមបណ្តាមូលដ្ឋាន អាវុធហត្ថខណ្ឌទាំង១៤ ក៏ដូចជាអង្គភាពចំណុះ យកទៅចែកជូនបន្តដល់ បងប្អូននាយទាហាន-នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយម្នាក់ៗទទួលបានត្រីខកំប៉ុង ចំនួន ០១យួរ ស្មើ១០កំប៉ុងដូចៗគ្នា និងបានផ្ដល់ជូននូវត្រីខកំប៉ុងក្នុង០១អង្គភាពចំនួន ០២កេស បន្ថែមទៀត សម្រាប់បម្រុងទុកក្នុងរោងបាយ ព្រមទាំងជូនដល់ក្រុមការងារមូលដ្ឋានសង្កាត់ព្រែកកំពឹស ត្រីខកំប៉ុងសរុបចំនួន ៣១កេស ផងដែរ៕









អាវុធហត្ថរាជធានីភ្នំពេញ បើកកិច្ចប្រជុំចាប់ឆ្នោតផ្គូផ្គងជ្រើសរើសក្រុម ដើម្បីប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឆ្នាំ២០២៤!

 

ដោយបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី បុត្រ កំព្រា មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំបើកកិច្ចប្រជុំចាប់ឆ្នោតផ្គូផ្គងជ្រើសរើសក្រុម ដើម្បីប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឆ្នាំ២០២៤ ដោយមានការចូលរួមពី លោកនាយសេនាធិការរង ប្រធានមន្ទីរ ព្រមទាំងនាយ-នាយរង អាវុធហត្ថពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។ 

គោលការណ៍នៃការប្រកួតកីឡាដណ្តើមពានរង្វាន់ កងរាជអាវុធហត្ថរាជធានីភ្នំពេញនេះផងដែរ គឺតម្រូវឲ្យអង្គភាពចំណុះ កងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមមាន មន្ទីរចំនួន០៧ វរអន្តរាគមន៍ចំនួន០១ និងមូលដ្ឋានអាវុធហត្ថខណ្ឌចំនួន១៤ ត្រូវបង្កើតក្រុមតាមអង្គភាពរៀងខ្លួន ដោយជ្រើសរើសកីឡាករចេញពីអង្គភាពខ្លួនឯង ដើម្បីចូលរួមធ្វើការប្រកួត ដោយប្រើរូបមន្ត ប្រកួតជម្រុះក្នុងពូល និងជ្រើសរើសយកក្រុមដែលឈ្នះ ក្នុងពូលនីមួយៗ មកធ្វើការប្រកួតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ។ 

គោលបំណង នៃការរៀបចំការប្រកួតកីឡាបាល់ទាត់នេះ ក៏ដូចជាឆ្នាំមុនៗដែរ គឺដើម្បីនាំមកនូវសុខភាព មិត្តភាព សាមគ្គីភាព និងជៀសវាងឲ្យឆ្ងាយពីគ្រឿងញៀន ស្របតាមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជលើផ្ទៃប្រទេស ជាពិសេសការគាំទ្រវិស័យកីឡាបាល់ទាត់ គឺឆន្ទៈដ៏មុតមាំរបស់លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដែលមានតាំងពីលោកនៅជាមេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យមកម៉្លេះ៕