ដើមឆ្នាំ២០២៥ មន្ទីរពេទ្យ ហ្លួង ម៉ែ នឹងបើកដំណើរការ​ជាមន្ទីរពេទ្យ​ឯកទេសព្យាបាលជំងឺមហារីក មានកម្រិតស្ដង់ដារអន្តរជាតិ

មន្ទីរពេទ្យហ្លួងម៉ែ ដែស្ថិតនៅផ្លូវលេខ១០៩ ភូមិព្រៃសខាងកើត សង្កាត់​ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានប្រែក្លាយជា​មន្ទីរពេទ្យ​ឯកទេស​ជំងឺមហារីក ។ មន្ទីរពេទ្យនេះបានរៀបចំជួសជុលកែលម្អហេដ្ឋារចនា​សម្ព័ន្ធ​រួចរាល់ក្នុងដំណាក់កាលទី១ និងបានដាក់ឱ្យ​ដំណើរការកាល​ពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ និងគ្រោងបើកដំណើរការពេញលេញ​ជា​មន្ទីរពេទ្យ​ឯកទេសព្យាបាលជំងឺមហារីក មានកម្រិតស្ដង់ដារ​អន្តរជាតិនៅដើមឆ្នាំ២០២៥ ខាងមុខ។

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល កាលពី​ថ្ងៃទី២០ ខែកញ្ញា បាន​អញ្ជើញចុះពិនិត្យការបើកដំណើរ​ការ​ដំណាក់​កាលដំបូងរបស់មន្ទីរពេទ្យ ហ្លួង ម៉ែ។

សូមជម្រាបថា ការបើកដំណើរការដំណាក់កាលដំបូងនេះ មន្ទីរ​ពេទ្យមានផ្តល់សេវាផ្នែកសង្រ្គោះបន្ទាន់ ផ្នែកពិគ្រោះជំងឺក្រៅ ផ្នែករូបភាពវេជ្ជសាស្រ្ត និងផ្នែកមន្ទីរពិសោធន៍ ដែលអាចមានលទ្ធ​ភាព​ផ្តល់សេវាពិនិត្យ និងស្វែងរកជំងឺមហារីកដំណាក់កាលដំបូង ការចាក់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូន ពិនិត្យ និងពិគ្រោះជំងឺម​ហារីកទាក់ទងនឹង រោគស្រ្តី (ជំងឺមាត់ស្បូន សុដន់ ក្រពេញអូវែរ និងស្បូន) ប្រព័ន្ធរំលាយអាហារខាងលើ ក្រពះពោះវៀន ថ្លើម បំពង់បង្ហូរទឹកប្រមាត់ និងលំពែង ប្រព័ន្ធដង្ហើម និងប្រព័ន្ធទឹកម៉ូត្រ។

ក្នុងឱកាសនៃការចុះពិនិត្យនេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានអញ្ជើញចុះពិនិត្យតាមផ្នែកនីមួយៗ រួមមានផ្នែកសង្រ្គោះបន្ទាន់ ផ្នែកពិគ្រោះជំងឺក្រៅ ផ្នែករូបភាពវេជ្ជសាស្រ្ត និងផ្នែកមន្ទីរពិសោធន៍ ព្រមទាំងបានសួរសុខទុក្ខ សំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិក ដែលបម្រើការងារនៅមន្ទីពេទ្យ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី និងពិនិត្យការដ្ឋានសាងសង់​បន្ទប់បាញ់កាំរស្មី ព្រមទាំងបានផ្តល់នូវអនុសាសន៍មួយចំនួន ដើម្បីបង្កើនគុណភាព សុវត្ថិភាព ប្រសិទ្ធភាពនៃការផ្តល់សេវា ក៏ដូចជាពន្លឿនការបើកដំណើរការមន្ទីរពេទ្យនេះផងដែរ៕


0 Comments:

Post a Comment